កីឡាករ កីឡាការិនី កីឡាបញ្ចស៊ីឡាត់កម្ពុជាសរុប ១៥នាក់ បានចេញដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនៅប្រទេសឥណ្ឌូណេស៊ី ដោយមាន៧ប្រទេសចូលរួមប្រកួតប្រជែង។
មុនចាកចេញពីកម្ពុជានារសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៤ ឯកឧត្ដម សេង ធារិន ប្រធានសហព័ន្ធបញ្ចស៊ីឡាត់បានឲ្យដឹងក្នុងសន្និសិទ្ធិសារព័ត៏មានថា បើទោះបីជាសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជានេះទើបបង្កើតថ្មីមែន ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនី ហ្វឹកហាត់ថ្មីក៏ពិតមែន តែយើងមាន មូលដ្ឋានគ្រឹះសំខាន់យ៉ាងរឹងមាំ ពីក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិយើង និងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ។
សម្រាប់ការចូលរួមប្រកួតនេះទៀតសោត គឺជាឪកាសយើងត្រូវការឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹករបស់យើង ទទួលបានបទពិសោធន៍ បន្ថែមក្នុងការប្រកួតនេះ ដើម្បីវាស់ស្ទង់ពីកម្រិតបច្ចេកទេសរបស់ពួកគាត់ ឈានទៅសម្រចគោលដៅ និងចក្ខុវិស័យ ក្នុងការចូលរួមប្រកួត Asian Martial Arts and Indoor Games លើកទី៦ ឆ្នាំ២០២៤ នៅប្រទេសថៃ នាថ្ងៃទី២២ ដល់២៩ ខែវិច្ឆិការ ឆ្នាំ២០២៤ខាងមុខនេះ និងត្រៀមចូលរួមការប្រកួតកម្រិតពិភពលោក នៅ(យូណាយធីតអារ៉ាប់ អ៊ីមម៉ារ៉េត) United Arab Emirate ក្នុងថ្ងៃទី១៨ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ហើយអ្វីដែលសំខាន់ គឺយើងប្រុងប្រៀបខ្លួន ដើម្បីចូលរួមការប្រកួតស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនី សរុប ១៥រូបទៅចូលរួមការប្រកួតអន្តរជាតិនៅប្រទេសឥណ្ឌូណេស៊ី ដែលនឹងចាប់ផ្ដើមធ្វើឡើងពីថ្ងៃទី១២ ដល់ ១៦ ខែកក្កដា ឆ្នាំ២០២៤។ ប្រទេសដែលនឹងចូលរួមការប្រកួតឯប្រទេសឥណ្ឌូណេស៊ី រួមមានកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេ ថៃ សហរដ្ឋអាមេរិក។
គួររំលឹកដែរថា កីឡាបញ្ចស៊ីឡាត់បានបង្កើតឡើងនៅដើមឆ្នាំ២០២៤នេះ ក្រោយពី ទទួលបានមេដាយមាស និងប្រាក់ ចំនួន៦គ្រឿង ពីការប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០២៣ កន្លងមកនេះ ដែលធ្វើឲ្យកីឡាមួយប្រភេទនេះបន្តពង្រីកសក្តានុពល កាន់តែល្អប្រសើរបន្ថែមទៀត ទាំងលើឆាកជាតិនិងអន្តរជាតិ៕