គម្រោងរៀបចំ ព្រឹត្តការណ៍ប្រកួតកីឡា កាបាឌី ពិភពលោក នៅកម្ពុជាក្នុងខែសីហានេះត្រូវបានផ្លាស់ប្តូរទៅរៀបចំនៅប្រទេសឥណ្ឌាវិញហើយ ទៅតាមកាលបរិច្ឆេទនៃពេលវេលាដដែល។
តាមការឲ្យដឹងពីលោក S.T. Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភពលោក ថាដំបូងឡើយព្រឹត្តការណ៍នេះ គឺគ្រោងធ្វើឡើងនៅប្រទេសកម្ពុជា ដែលជាការរួមចំណែកក្នុងការផ្សព្វផ្សាយកីឡានិង ទេសចរណ៍ផង អាចធ្វើឲ្យកម្ពុជាទទួលបានចំណូលប្រមាណជា ៥០ម៉ឺនដុល្លារ ខណៈដែលការរៀបចំនេះ អាចនិងមាន អ្នកចូលរួមជាង៤០០នាក់ មកពី១៧ប្រទេស។
លោកសង្កត់ធ្ងន់ថា “ មូលហេតុចម្បងដែលមិនអាចរៀបចំនៅកម្ពុជានេះ គឺដោយសារមានគូប្រជែងដ៍សំខាន់ក្នុងករណីនេះ គឺសហព័ន្ធកីឡាកាប៉ាឌីអន្តរជាតិ ដែលជាអ្នកបង្ខំលើការសម្រេចចិត្តមួយនេះ ”។
អគ្គលេខាធិការដដែលបញ្ជាក់ថា “ ពួកយើងបានពិភាក្សាគ្នាយ៉ាងលំអិតជាមួយភាគីពាក់ព័ន្ធ រួមមានប្រទេសជាសមាជិកទាំងអស់ ម្ចាស់ឧបត្តម្ភ និងឥណ្ឌាដែលជាបេក្ខភាពបម្រុងប៉ុន្មានថ្ងៃមុននេះ។ យើងបានឯកភាពគ្នា ដោយយល់ថាដើម្បីរក្សាតំលៃនៃការប្រកួតពានរង្វាន់ពិភពលោកមួយនេះ និង តំលៃកីឡា គឺរៀបចំនៅប្រទេសឥណ្ឌាវិញ ”។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតកីឡា កាបាឌីជើងឯកពិភពលោក និងធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់២៥ខែ សីហាឆ្នាំ២០២៤ខាងមុខនេះនៅប្រទេស ឥណ្ឌា ដោយមាន១៧ ចូលរួមប្រកួតប្រជែង៕