ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤ គ្រោងចាប់ផ្តើមជាថ្មីម្តងទៀត នាថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងគោលបំណងរៃអង្កាសថវិកាគាំទ្រដល់ការងារដ៏សំខាន់គឺផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់នៅអង្គការផ្កាយសមុទ្រ ។
បើតាមបុគ្គលិករបស់អង្គការផ្កាយសមុទ្រ ឲ្យដឹងថា ដោយទទួលបានការឧបត្ថម្ភគាំទ្រផ្តល់ជាទីកន្លែងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងសហការរៀបចំ ដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត, ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising Agency ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤នេះ គឺកាន់ តែធំ និងមានការចូលរួមគាំទ្រច្រើន ដោយផ្អែកលើភាពជោគជ័យនៃព្រឹត្តិការណ៍រត់ សប្បុរសធម៌កាលពីឆ្នាំកន្លងទៅ ។
បន្ថែមពីការរួមចំណែកយ៉ាងធំក្នុងការងារសង្គម តាមរយៈព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការ ផ្កាយសមុទ្រប្រចាំឆ្នាំនេះផងដែរ កម្មវិធីនឹងប្រព្រឹត្តទៅដោយរួមមានសកម្មភាពកំសាន្តសប្បាយ ដ៏សំបូរបែប ដើម្បីផ្តល់ភាពរីករាយដល់អ្នកចូលរួមថែមទៀតផង ដែលមានដូចជាការចាប់ឆ្នោត យករង្វាន់ និងល្បែងកំសាន្តផ្សេងៗនៅតាមស្តង់ម្ចាស់ឧបត្ថម្ភកម្មវិធីសម្រាប់ព្រឹត្តិការណ៍រត់នេះ ។
លោក Nge Huy ជាដៃគូជាន់ខ្ពស់ និងជាប្រធានសវនកម្មនៃក្រុមហ៊ុន KPMG ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំរបស់ក្រុមហ៊ុន KPMG ខេមបូឌា ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើជាម្ចាស់ឧបត្ថម្ភ Platinum Sponsor សម្រាប់ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជា ជួបប្រទះការលំបាក ។ ការរួមចំណែកនេះគឺមានអត្ថន័យលើសពីការឧបត្ថម្ភ ដែលវាគឺជាឱកាស ដ៏វិសេសសម្រាប់ពួកយើងក្នុងការពួតដៃគ្នាជួយដល់កុមារក្រីក្រឲ្យពួកគេទទួលបានការរៀន សូត្រ ។ ពួកយើងជឿជាក់ថាកម្មវិធីរត់នេះគឺជាសកម្មភាពសង្គមដ៏ល្អ មួយ ដើម្បីប្រមូលផ្តុំសហគមន៍ឲ្យចូលរួមរត់ និងរួមគ្នានាំយកមកនូវភាពវិជ្ជមានក្នុងសង្គមថែម ទៀតផង ។
អង្គការផ្កាយសមុទ្រក៏សូមសំដែងការថ្លែងអំណរគុណដល់ក្រុមហ៊ុន Compass Advertising, ក្រុមហ៊ុន Kofi Co., LTD, សាលាអន្តរជាតិ Southbridge International School Cambodia (SISC) និងក្រុមហ៊ុន Amazfit សម្រាប់ការរួមចំណែកយ៉ាងសំខាន់ក្នុងព្រឹត្តិការណ៍នេះក្នុងនាមជាអ្នក ឧបត្ថម្ភ ដែលនឹងជួយឲ្យកម្មវិធីរត់នេះដំណើរការទៅយ៉ាងរលូន និងទទួលបានភាពជោគជ័យ ។ សកម្មភាពមួយនេះគឺបានសបញ្ជាក់ពីកិច្ចសហការដ៏រឹងមាំរបស់ក្រុមហ៊ុនទាំងនេះ ដោយរួមគ្នា ដើម្បីបង្កើតភាពវិជ្ជមានក្នុងសហគមន៍របស់យើង ។
បន្ថែមពីនេះទៀត ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការដ៏ធំរបស់ យើងគឺ ក្រុមហ៊ុន ប៉េង ហួត គ្រុប, សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត, ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising សម្រាប់ការជួយសម្របសម្រួលក្នុងព្រឹត្តិការណ៍រត់នេះ ។ ការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងនេះក្នុងការជួយដល់សហគមន៍ក្រីក្រគឺពិតជាបានគាំទ្រដល់បេសកកម្មរបស់អង្គការផ្កាយសមុទ្រ ហើយពួកយើងពិតជាមានមោទនភាព ដែលបានរួមសហការ ជាមួយគ្នា ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤ និងធ្វើឡើងនាព្រឹកព្រលឹមថ្ងៃទី២មិថុនា នៅបុរីប៉េងហួតបឹងស្នោរ ហ្គ្រេនស្តាប្លាទីនីម ។ វិញ្ញាសាដាក់ឲ្យប្រកួតប្រជែងមានចំនួន២ គឺ វិញ្ញាសា១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ។
សម្រាប់ការចុះឈ្មោះ នៅបន្តរហូតដល់ថ្ងៃប្រកួតជាផ្លួវការ សូមអញ្ជើញបងប្អូនចូលរួមក្នុងព្រឹត្តការណ៍នេះ ដើម្បីរួមចំណែកជួយគាំទ្រដល់ការងារដ៏សំខាន់គឺផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់ ដែលស្ថិតនៅក្រោមបន្ទុករបស់អង្គការផ្កាយសមុទ្រ៕
ចុះឈ្មោះតាមលីងនេះ៖ https://forms.gle/wx9Hphw5E11jaU11A
សម្រាប់ព័ត៌មានលម្អិត សូមចុច join ក្នុង group telegram ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការ ផ្កាយសមុទ្រ៖ https://t.me/+-WWfwIJWjwowZDM1