លោក Anthony Galliano អគ្គនាយកប្រតិបត្តិCambodia Investment Management Group និងជាអនុប្រធាននៃសភាពាណិជកម្មអាមេរិកនៅកម្ពុជា (AmCham) ត្រូវបានជ្រើសតាំងជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រហើយ នាពេលថ្មីៗនេះ ស្របពេលដែលលោកបានប្តេជ្ញាចិត្តគាំទ្រដល់ការងាររបស់អង្គការផ្កាយសមុទ្រ និងរួមចំណែកជួយដល់កុមារ និងក្រុមគ្រួសាររាប់ពាន់នាក់នៅប្រទេសកម្ពុជា តាម រយៈបេសកកម្មដ៏សំខាន់របស់អង្គការនេះទៀតផង ។
កិច្ចសហការ និងជួយជ្រោមជ្រែងរបស់លោក Anthony Galliano ដល់អង្គការផ្កាយសមុទ្របានចាប់ផ្តើមឡើងជាមួយនឹងការគាំទ្រ និងការជឿជាក់យ៉ាងមុតមាំរបស់លោកចំពោះការប្តេជ្ញាចិត្តរបស់អង្គការផ្កាយសមុទ្រក្នុងការផ្លាស់ប្តូរជីវិតកុមារជាច្រើននាក់ តាមរយៈការអប់រំ ។
ដោយមើលឃើញពីផលវិជ្ជមានដ៏សំខាន់កើតចេញពីការងាររបស់អង្គការផ្កាយសមុទ្រ លោក Galliano ឲ្យដឹងថា៖“បានយល់ដឹង និងឃើញកាន់តែច្បាស់ពីការងាររបស់អង្គការផ្កាយសមុទ្រគឺពិតជាបានបំផុសគំនិត និងលើកទឹកចិត្តរបស់ខ្ញុំកាន់តែខ្លាំងឡើង ក្នុងការចូលរួមលើកកម្ពស់ និងរួមចំណែកក្នុងសកម្មភាពនានារបស់អង្គការនេះ ។ អ្វីដែលយើងអាចធ្វើទៅបានក្នុងការផ្លាស់ ប្តូរជីវិតកុមារ តាមរយៈការអប់រំគឺមិនមែនគ្រាន់តែការជួយប៉ុណ្ណោះទេ តែវាក៏ជាទំនួលខុសត្រូវរបស់យើងផងដែរ ។
ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំង ដែលបានក្លាយជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រ ហើយខ្ញុំប្តេជ្ញាចិត្តនឹងជួយផ្សព្វផ្សាយពីការងាររបស់អង្គការនេះ និងគាំទ្រដល់ការរៃអង្កាសមូលនិធិគាំទ្រដល់កម្មវិធីនានាក្នុងអង្គការ ក៏ដូចជាផ្តល់ឱកាសដល់កុមារឲ្យពួកគេទទួលបានអនាគតល្អប្រសើរថែមទៀតផង ។ ការងារនេះគឺជាមោទនភាពធំបំផុតសម្រាប់ខ្ញុំ ហើយជាអ្វីដែលខ្ញុំពេញចិត្តនឹងប្រឹងប្រែងបំពេញ ។ ”
អ្នកស្រី ជួប វិច្ឆិកា ជាអគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ បានលើកឡើងពីសារៈសំខាន់ចំពោះអង្គការផ្កាយសមុទ្រ ដែលមានលោក Galliano ចូលរួមជាទូតសុច្ឆន្ទៈ ដោយអ្នកស្រីបានបញ្ជាក់ថា “បទពិសោធន៍ដ៏ច្រើន និងភាពជោគជ័យរបស់ Anthony ក្នុងវិស័យជំនួញនៅកម្ពុជានឹងនាំមកនូវគុណតម្លៃដ៏ធំធេងដល់អង្គការផ្កាយសមុទ្រ ហើយសមត្ថភាពរបស់លោកក្នុងការបង្កើតភាពជាដៃគូសាជីវកម្មដ៏រឹងមាំនឹងគាំទ្រយ៉ាងខ្លាំងជំរុញដល់បេសកកម្មរបស់អង្គការឲ្យឆ្ពោះទៅមុខ ។ ពួកយើងមានសេចក្តីរំភើបរីករាយក្រៃលែងក្នុងការទទួលស្វាគមន៍លោកមកចូលរួមក្នុងគ្រួសារអង្គការផ្កាយសមុទ្រហើយសង្ឃឹមយ៉ាងមុតមាំនូវកិច្ចសហការកាន់តែទូលំទូលាយកើតចេញការចូលរួមរបស់លោក ។ ”
ក្នុងតួនាទីជាអ្នកដឹកនាំក្នុងវិស័យជំនួញដ៏មានឥទ្ធិពលម្នាក់ និងជាអនុប្រធាននៃសភាពាណិជកម្មអាមេរិកនៅកម្ពុជា (AmCham) ផងដែរនោះ លោក Galliano បានផ្តល់កិច្ចគាំទ្រសំខាន់ៗជាច្រើនជួយដល់បេសកកម្មរបស់អង្គការផ្កាយសមុទ្ររួចមកហើយ ដោយជួយដល់កម្មវិធីអប់រំរបស់អង្គការនេះដោយផ្ទាល់ ។
បើតាមអង្គការផ្កាយសមុទ្រ តួនាទីថ្មីរបស់លោក Galliano ជាទូតសុច្ឆន្ទៈរបស់អង្គការនេះគឺមានអត្ថន័យលើសពីតួនាទីទៅទៀត នេះជាសកម្មភាពអំពាវនាវដ៏សំខាន់ ។ លោកនឹងប្រើប្រាស់បណ្តាញទំនាក់ទំនង និងឥទ្ធិពលដ៏ធំរបស់លោក ដើម្បីផ្សព្វផ្សាយពីការងារអង្គការផ្កាយសមុទ្រ ក៏ដូចជាកៀងគរនូវធនធានចាំបាច់ ដែលនឹងជួយឲ្យអង្គការនេះអាចពង្រីកលទ្ធភាពរបស់ខ្លួនជួយដល់កុមារកាន់តែច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ហើយជឿជាក់ថាកិច្ចសហការនេះនឹងបោះជំហានឆ្ពោះទៅរកសមទ្ធិផលថ្មីៗជាច្រើន និងបង្កើតការផ្លាស់ប្តូរយូរអង្វែងនៅក្នុងជីវិតកុមារជួបប្រទះការលំបាកជាច្រើន ៕