ប្រទេសបារាំង ៖ ហានិភ័យនៃការវាយប្រហារដោយក្រុមភេរវករ នៅក្នុងទីក្រុងប៉ារីសកំពុងតែឡើងកំដៅខ្លាំង ដូច្នេះបរិវេណការពារត្រូវបានពង្រីក សម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលគ្រោងធ្វើនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
ប្រភពពីគេហទំព័រ Inside The Games កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អគារទាំងអស់ដែលអាចមើលឃើញទិដ្ឋភាពទន្លេសេន (Seine) ជាកន្លែងដែលបណ្តាទូកដឹកអត្តពលិកនឹងឆ្លងកាត់ អំឡុងពេលនៃពិធីបើក ហើយក៏ជាកន្លែងរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង និងការប្រកួតហែលទឹក Open Water Marathon ផងដែរ។
ប្រធានមជ្ឈមណ្ឌលជាតិស៊ើបការណ៍ និងប្រឆាំងអំពើភេរវកម្ម លោក Laurent Nunez បានប្រកាសថា វិធានការបែបនេះ នឹងត្រូវពង្រីកដល់អគារទាំងអស់ ដែលអាចមើលឃើញទន្លេដ៏ល្បី អំឡុងពេលបើកការប្រកួតកីឡាអូឡាំពិកលើកទី៣៣ នៃយុគសម័យទំនើប។ សន្និសីទសារព័ត៌មានមួយត្រូវបានធ្វើឡើងជាមួយអភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo និងប្រធានគណៈកម្មាធិការរៀបចំទីក្រុងប៉ារីសឆ្នាំ ២០២៤ លោក Tony Estanguet ដែលបានថ្លែងថា នឹងមានអ្នកទស្សនាចំនួន ២២០,០០០នាក់ ដែលនឹងអាចចូលរួមក្នុងពិធីបើកនេះដោយឥតគិតថ្លៃ ដែលជាចំនួនខ្ពស់បំផុត។
លោក Nunez បានពន្យល់ថា «មានបរិវេណប្រឆាំងភេរវករ ជាមួយនឹងការត្រួតពិនិត្យជាបន្តបន្ទាប់ ហើយឥឡូវនេះ យើងចង់ពង្រីកទៅគ្រប់អគារទាំងអស់ ជាមួយទិដ្ឋភាពនៃទន្លេសេន លើសពីអ្វីដែលត្រូវបានបង្កើតឡើងដោយអ្នករៀបចំ»។ ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ពីចំនួនចុងក្រោយនៃកងកម្លាំងសន្តិសុខ ដែលនឹងត្រូវដាក់ពង្រាយសម្រាប់ពិធីបើក ដែលនឹងធ្វើឡើងកក្រើកទីក្រុងប៉ារីសនោះទេ។
យ៉ាងណាមិញ ក្នុងចំណោមព័ត៌មានលម្អិតដែលផ្តល់ដោយប៉ូលិសបានបង្ហាញថា តំបន់នៅជិតទន្លេសេន នៅកណ្ដាលទីក្រុងប៉ារីសនឹងត្រូវបិទ ក៏ដូចជាស្ថានីយរថភ្លើងក្រោមដី និងបណ្ដាសារមន្ទីរដែលនៅជាប់គ្នា។
ការធានាសុវត្ថិភាពនៃការប្រកួតអូឡាំពិក គឺជាអាទិភាពមួយរបស់រដ្ឋាភិបាលបារាំង ហើយសន្និសីទសារព័ត៌មានទាំងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរបារាំងបានចាប់ខ្លួនក្មេងជំទង់អាយុ១៦ឆ្នាំម្នាក់ កាលពីដើមសប្តាហ៍មុន ដោយសង្ស័យថាបានរៀបចំផែនការវាយប្រហារដោយក្រុមជីហាដ អំឡុងពេលដំណើរការកីឡាអូឡាំពិក។ ក្មេងជំទង់រូបនោះគឺជាពលរដ្ឋបារាំង ត្រូវបានចាប់ខ្លួនដោយភ្នាក់ងារនៃអគ្គនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៅឯផ្ទះឪពុកម្ដាយរបស់គេស្ថិតនៅតំបន់ Haute-Savoie ជិតព្រំដែនជាមួយនឹងប្រទេសស្វីស។ ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេតដោយការិយាល័យរដ្ឋអាជ្ញាបារាំងប្រឆាំងអំពើភេរវកម្ម៕