ភ្នំពេញ៖ ក្រុមកីឡាបាល់ទាត់វ័យចាស់កម្ពុជា បានធ្វើការប្រកួតមិត្តភាពរួមគ្នា ជាមួយក្រុមកីឡាបាល់ទាត់វ័យចាស់សឹង្ហបុរី នាល្ងាចថ្ងៃទី១១ឧសភាឆ្នាំ២០២៤ នៅពហុកីឡដ្ឋានអូឡាំពិក ដើម្បីគៀងគរថវិការប្រមូលថវិការ ជួយដល់មន្ទីពេទ្យគន្ធបុប្ធា។
ប្រាប់ឲ្យដឹងក្នុងជំនួបអន្តរជាតិនេះ លោក រិទ្ធ ឌីកា អ្នកតំណាងក្រុមបាល់ទាត់វ័យចាស់កម្ពុជា បញ្ជាក់ថា ការបង្កើតឲ្យមានព្រឹត្តការណ៍នេះឡើង គឺសិង្ហបុរី បានដាក់លិខិតមកកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សុំធ្វើការ ប្រកួតមិត្តភាពវ័យចាស់នេះមានរយៈពេលជា ៣ខែ មកហើយ។ ក្រោយពីមើលឃើញ សារៈសំខាន់នៃការប្រកួតនេះ លោកក៍គិតទៅដល់ ការកៀងគរប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតែម្ដង ។ ពីដំបូងការប្រកួត គ្រោងធ្វើឡើង តែមួយប្រកួតប៉ុណ្ណោះ ដោយសារលោក គិតដល់ផលចំណេញ ជារួមតាម រយៈការ ដើរកម្សាន្តរបស់ក្រុមកីឡាករវ័យ ចាស់សិង្ហបុរី ទើបលោកសម្រេច រៀបចំឲ្យមានពីរប្រកួត ដោយលេង នៅថ្ងៃនេះ មួយប្រកួត និង លេងនៅថ្ងៃស្អែក មួយប្រកួតទៀត ។
សម្រាប់សមាសភាព ក្រុមកម្ពុជា គឺមានអតីតកីឡាករជម្រើសជាតិ និង មន្រ្តីបម្រើការងារ ក្នុងរដ្ឋាភិបាល ខណៈដែល សិង្ហបុរី សុទ្ធសឹងជាអ្នកជំនួញ និង អតីតកីឡាករជម្រើសជាតិ របស់គេផងដែរ ។
លោក រិទ្ធ ឌីកា មានក្ដីរីករាយជាខ្លាំង ដែលគិតមកដល់ពេលនេះ ការប្រកួត បានប្រមូលថវិការជិត ២៥០០ដុល្លារទៅហើយ ខណៈពីដំបូងគិតថា បានត្រឹម២០លានរៀលប៉ុណ្ណោះ ប៉ុន្តែដោយសារមានបណ្តាក្រុមហ៊ុន ធំៗចូលរួម ទើបធ្វើឲ្យចំនួនថវិការបានចំនួនច្រើន ដូច្នេះនៅសល់ពេលមួយថ្ងៃទៀត លោកសង្ឃឹមថា ការប្រកួតនេះអាចនិងប្រមូលថវិការបានច្រើនជាងនេះ។
ក្រោយប្រកួតចប់រួចរាល់២ប្រកួត ពោលនៅថ្ងៃទី១៣ឧសភាឆ្នាំ២០២៤ ក្រុមការងារនិងយកថវិការទៅជូនដល់មន្ទីពេទ្យគន្ធបុប្ធាតែម្តង ដោយក្នុងនោះខាងបន្ទាយមានជ័យ ដឹកនាំ ដោយលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រមូលបានប្រហែល ៧០០០ ដុល្លារ ហើយក្រុមវ័យចាស់ ដែលកំពុងប្រកួតប្រមូល បានចំនួន ១៧០០០ ដុល្លារផងដែរ ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតថ្ងៃទី១ នៃជំនួបមិត្តភាពអន្តរជាតិ ក្នុងន័យសប្បុរធម៍ ដើម្បីប្រមូលមូនិធិជូនមន្ទីពេទ្យគន្ធបុប្ធានេះ ជាលទ្ធផលចប់ការប្រកួតពេញ៩០នាទី ក្រុមវ័យចាស់កម្ពុជា បានយកឈ្នះ ក្រុមវ័យចាស់សឹង្ហបុរី ក្នុងលទ្ធផល ៦ទល់៣៕