Day: March 27, 2024

Featured

ឯកឧត្ដម​ កែវ​ រ៉េមី៖​ សហព័ន្ធ​តេក្វាន់ដូ ITF​ សំបូរ​ធនធាន​ និង​មាន​ភាព​រឹងមាំ​គឺ​មាន​ការ​ចូលរួម​ពី​អាណាព្យាបាល​សិស្ស​

ថ្លែង​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៦​ ឯកឧត្ដម​ កែវ​ រ៉េមី​ ថា​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ រឹងមាំ​ និង​សំបូរ​ធនធាន​កីឡាករ​ កីឡា​ការិនី​ គឺ​ដោយ​សារ​មាន​ការ​ចូលរួម​ពី​អាណាព្យាបាល​សិស្សៗ​ផង​ដែរ។​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ឯកឧត្ដម​ កែវ​ រ៉េមី​ បាន​ថ្លែង​អំណរគុណ​ដល់​អាណាព្យាបាល​សិស្សៗ​ទាំង​អស់​ដែល​បាន​ឲ្យ​ដល់​សហព័ន្ធ​អនុញ្ញាត​ និង​ជំរុញ​ឲ្យ​ពួកគេ​បាន​ចូល​មក​ហ្វឹកហាត់​នា​ពេល​កន្លង​ទៅ។​ ពេល​ខ្លះ​ក៏​មាន​ការ​អញ្ជើញ​មក​ជា​មួយ​កូន​ចៅ​ផ្ទាល់​ក្នុង​កម្មវិធី​ផ្សេងៗ​ដើម្បី​លើកទឹកចិត្ត។​ សកម្មភាព​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​រីកចម្រើន​ និង​សំបូរ​ធនធាន​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត។​ ឯកឧត្ដម​ កែវ​ រ៉េមី​ បន្ត​លើក​ទឹកចិត្ត​ និង​សរសើរ​ដល់​ក្រុម​តេក្វាន់ដូ​ ITF​ ដែល​ប្រកាន់​ភ្ជាប់​នូវ​វិន័យ​ល្អ​ ចេះ​គោរព​ចាស់​ទុំ​ គ្រូ​ និង​សិស្ស​ច្បង​រហូត​មក។​ តាំង​តែ​ពី​ឯកឧត្ដម​ចូល​កាន់​ជា​ប្រធាន​សហព័ន្ធ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​គឺ មិន​ដែល​ឃើញ​សិស្ស​គុន​បង្ករ​បញ្ហា​ដល់​សង្គម​ជាតិ​ និង​ធ្វើ​ទង្វើ​នាំ​ឲ្យ​អាប់ឱន​កិត្តិយស​ចំពោះ​សហព័ន្ធ​នោះ​ទេ។​ រំលឹក​ដែរ​ថា​ ការ​លើក​ឡើង​របស់​ឯកឧត្ដម​ កែវ​ រ៉េមី​ នេះ​ក្នុង​ពិធី​បិទ​មហាសន្និបាត​អាណត្តិ​ទី៦​ និង​លើក​ទិសដៅ​បន្ត​អាណត្តិ​ទី៧​ ឆ្នាំ​២០២៤​ ដល់​ ២០២៨​ នៅ​ទីស្នាក់ការ​ NOCC​ កាល​ពី​ថ្ងៃ​ទី២៤​ ខែ​មីនា​ ឆ្នាំ​២០២៤។​ តាម​រយៈ​ការ​បោះឆ្នោត​ជា​កញ្ចប់​គឺ​ឯកឧត្ដម​ កែវ​ រ៉េមី​ បន្ត​ជា​ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF ​នៅ​អាណត្តិ​ថ្មី​ទី៧៕​

Read More