កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ដែលចូលរួមប្រកួតកីឡាហែលទឹក ជើងឯកពិភពលោក នៅទីក្រុងដូហា ប្រទេសកាតា គឺនៅសល់២វិញ្ញាសាទៀត គឺកីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័នម៉ាតាំងក្លូដ នឹងត្រូវប្រកួតវិញ្ញាសា៥០ម៉ែត្រ ហែលរបៀបសេរី ប្រកួតនាថ្ងៃទី១៦ ខែកុម្ភៈ និង៥០ម៉ែត្ររបៀបហែលផ្ងារ ប្រកួតនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក ហែមថុន ពន្លឺ គ្រូបង្វឹកហែលទឹកជម្រើសជាតិកម្ពុជាបានបញ្ជាក់ប្រាប់នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា នៅក្នុងការប្រកួតកន្លងមក គឺកីឡាការិនី ឃឺន ចន្ទចរិយា បានបំបែកកំណត់ត្រាថ្នាក់ជាតិថ្មីលើវិញ្ញាសារបៀបហែលផ្ងារ ១០០ម៉ែត្រ ក្នុងថេរវេលា ១:០៩.៣១ វិនាទី។ ចំណែកឯ កីឡាករ មនត្រស ផានសុវណ្ណអារុន ប្រកួតលើវិញ្ញាសារបៀបហែលសេរី ១០០ម៉ែត្រ ធ្វើបានក្នុងថេរវេលា ៥៥.៤៨ វិនាទី។
គួររម្លឹកថា សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជាចំនួន៥នាក់ ដែលដឹកនាំដោយលោក នាង សូរិទ្ធិយ៉ា ប្រតិភូដឹកនាំ, លោក ហែម ថុនពន្លឺ គ្រូបង្វឹក, កីឡាការិនី ឃឺន ចន្ទចរិយា និងកីឡាករ មនត្រស ផានសុវណ្ណអារុន និងកីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័នម៉ាតាំងក្លូដ។ ចំពោះវិញ្ញាសារបស់កីឡាករ កីឡាការិនី ដែលត្រូវប្រកួតរួមមាន៖ កីឡាការិនី ឃឺន ចន្ទចរិយា ត្រូវប្រកួតលើ២វិញ្ញាសា គឺរបៀបហែលផ្ងារ ១០០ម៉ែត្រ និង៥០ម៉ែត្រ។ កីឡាករ មនត្រស ផានសុវណ្ណអារុន នឹងត្រូវប្រកួត២វិញ្ញាសាដែរ គឺ៥០ម៉ែត្រ របៀបហែលមេអំបៅ និង១០០ម៉ែត្រ របៀបហែលសេរី។
កីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័នម៉ាតាំងក្លូដ នឹងត្រូវប្រកួត២វិញ្ញាសា គឺ៥០ម៉ែត្រ របៀបហែលសេរី និង៥០ម៉ែត្ររបៀបហែលផ្ងារ។សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹក ជើងឯកពិភពលោក នៅទីក្រុងដូហា ប្រទេសកាតាត្រូវប្រារព្ធធ្វើឡើងពីថ្ងៃទី១០ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ លោក នាង សូរិទ្ធិយ៉ា អគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាហែលទឹកក៏បានចូលរួមសន្និបាតសហព័ន្ធកីឡាហែលទឹកអាស៊ី លើកទី១៥ ដោយតំណាងសហព័ន្ធខ្មែរកីឡាហែលទឹកបានចូលរួមបោះឆ្នោតជ្រើសរើសតាំងសមាជិកបន្ថែមផងដែរ៕