នេះមិនមែនជាលើកទី១ទេ ដែលអង្គការផ្កាយសមុទ្រ បានរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial – ISF ប្រចាំឆ្នាំ របស់ខ្លួន ដោយព្រឹត្តិការណ៍បាល់ទាត់ ប្រចាំឆ្នាំមួយនេះ បានប្រមូលផ្តុំ កីឡាករជាច្រើនរយនាក់មកជួបជុំគ្នា លេងបាល់ទាត់ ដែលមានវ័យក្រោម១៦ឆ្នាំ។
លោក Ian Thompson គឺជាអ្នក គាំទ្រវិស័យកីឡាដ៏មោះមុតម្នាក់ និងតែងតែគាំទ្រដល់ការងារ របស់អង្គការផ្កាយសមុទ្រ ក្នុងការកាត់បន្ថយភាពក្រីក្រ តាម រយៈឱកាសប្រកបដោយសមធម៌ ដើម្បីទទួលបានការអប់រំ សេវាថែទាំសុខភាព និងកីឡាជាដើម ។ ក្នុងគោលបំណងរក្សា នូវកេរ្តិ៍ដំណែល របស់ឪពុក លោក Alistair ជាកូនប្រុសបានបន្តផ្តល់ការ ឧបត្ថម្ភគាំទ្រក្នុងការរៀបចំ ព្រឹត្តិការណ៍ ប្រកួតបាល់ ទាត់កុមារានេះតរៀងមក ចាប់តាំងពីឪពុករបស់លោក បានទទួលមរណភាព ។
លោក Alistair បានបង្ហាញពីភាពសប្បាយរីករាយ ដែលបានចាប់ដៃគូជាមួយ អង្គការផ្កាយសមុទ្រ ដើម្បីរៀបចំព្រឹត្តការណ៍នេះក្នុងការជួយសង្គមកម្ពុជា ពិសេស គឺបានផ្តល់ឧកាសជាច្រើនដល់កុមារក្រីក្រ ដែលខ្វះលទ្ធភាព។បន្ថែមពីនេះ លោកក៍គ្រោងនិងរៀបចំអោយការរៀបចំនូវឆ្នាំក្រោយៗទៀត កាន់តែមានភាពប្លែក និងល្អប្រសើរផងដែរ។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial – ISF ប្រចាំឆ្នាំ២០២៤នេះ មានកីឡាករកីឡាការិនី ចូលរួមចំនួន ៦១២ នាក់ ស្មើរ ៥១ ក្រុមមកពី រាជធានី ខេត្តក្រុង ចំនួន ៩ ក្នុងចំណោម ២៥ ខេត្ត ក្រុង នៅទូទាំងប្រទេសកម្ពុជា ចូលរួមប្រកួតទៅ តាមប្រភេទអាយុដូចជា កីឡាករអាយុក្រោម ១៦ឆ្នាំ អាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១០ឆ្នាំជាដើម ។
ក្រុមទាំងនេះនឹងប្រកួតសរុបចំនួន ១២៣ ប្រកួត ជាការសន្សំពិន្ទុឆ្លង ទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមជើងខ្លាំងឈ្នះក្នុងវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវបន្តទៅវគ្គផ្តាច់ព្រ័ត្រ ។ ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី១០ហើយ ដែលអង្គការផ្កាយសមុទ្រ ជាអង្គការក្រៅរដ្ឋាភិបាល មួយធ្លាប់ទទួលបានពានអន្តរជាតិ បានបន្តរួមសហការ ជាមួយនឹងមូលនិធិ Ian Thompson Memorial ។
តាមរយៈកម្មវិធីបាល់ទាត់ របស់អង្គការផ្កាយសមុទ្រ ធ្វើការដោយផ្ទាល់ជាមួយនឹង កុមារជាច្រើន ដែលជួបប្រទះការលំបាក និងកំពុងរស់នៅក្នុងសហគមន៍ មួយចំនួន ដែលភាពក្រីក្រ ការរើសអើង ផ្នែកសង្គម និងកង្វះឳកាសជារឿយៗ គឺជាកត្តាចម្បង នាំឲ្យពួកគេមានទម្លាប់ បញ្ចេញអាកប្បកិរិយាមិនល្អផ្សេងៗ ។លើសពីនេះទៅទៀត កម្មវិធីបាល់ទាត់មួយនេះ ក៏បានផ្តល់ឳកាសក្នុងការទទួល បានវគ្គបណ្តុះបណ្តាលបាល់ទាត់ និងការប្រកួតប្រជែងកីឡា ទៅដល់កុមារ និងយុវជនគ្រប់ភេទ និង ពិការភាព ដោយបន្តធ្វើ ការអភិវឌ្ឍចំណេះដឹងផ្នែកសង្គម ការអប់រំ ជំនាញបំណិនជីវិត ជំនាញការងារ និង ភាពជាអ្នកដឹកនាំផងដែរ ៕