សហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បានចាប់ផ្តើមរៀបចំនូវការប្រកួតធ្វើតេស្តសមត្ថភាព កីឡាករ កីឡាការិនីរបស់ខ្លួន ដើម្បីត្រៀមចូលប្រមូលផ្តុំក្នុងក្រុមជម្រើជាតិ និងមានបេសកកម្មប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្តយស្តជូនជាតិមាតុភូមិ ។
មានប្រសាសន៍ក្នុងកម្មវិធីប្រកួតជ្រើសរើស កីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅសាលនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានលើកឡើងថាកាលពីឆ្នាំមុន គ្រូបង្វឹកតេក្វាន់ដូ ITF មានចំនួន ៤នាក់ រីឯក្រុមជម្រើសជាតិមានចំនួន ២៣នាក់ ប៉ុន្តែនៅក្នុងឆ្នាំ២០២៤នេះ កាត់នៅសល់គ្រូបង្វឹក២នាក់ និងក្រុមកីឡាករកីឡាការិនីជម្រើសជាតិនៅសល់ត្រឹម១៣នាក់។ ដូច្នេះ ដើម្បីជម្រុះឱ្យមានតម្លាភាព ត្រូវតេស្តសមត្ថភាព តាមរយៈការប្រកួតប្រជែងបង្ហាញសមត្ថភាព។
ឯកឧត្តមប្រធានសហព័ន្ធមានប្រសាសន៍ថា កន្លងមក សហព័ន្ធកីឡាតេក្វាន់ដូ ITF គឺជាសហព័ន្ធមួយដែលខ្លាំង ចង់ពង្រីកសក្តានុពលទាំងគុណភាព និងបរិមាណ ប៉ុន្តែនៅឆ្នាំ២០២៤នេះ យើងមានការសោកស្តាយ ប៉ុន្តែយើងត្រូវគោរពទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ នៅក្នុងការកាត់បន្ថយនេះ យើងត្រូវធ្វើឡើងឱ្យមានភាពយុត្តិធម៌បំផុត ដោយមិនជជែកគ្នាតែក្នុងក្រុមគ្រូបង្វឹក លក្ខណៈបិទទ្វារហើយកាត់បន្ថយចំនួនគ្រូ និងក្រុមជម្រើសជាតិតែម្តងនោះទេ។ ដូច្នេះតាមរយៈការប្រកួតជ្រើសរើសនេះបានបង្ហាញពីតម្លាភាព ប្រកបដោយភាពយុត្តិធម៌បំផុត។
«អ្វីដែលខ្ញុំសប្បាយចិត្ត មានមោទនភាព និងកោតសរសើរដល់គ្រូបង្វឹក និងក្រុមជម្រើសជាតិ គឺការលះបង់ខ្ពស់របស់ពួកគាត់ តាមរយៈការចែករំលែករបបឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងចំនួនគ្រូបង្វឹក ២នាក់ គឺបែងចែករបបសម្រាប់គ្រូបង្វឹក៤នាក់ ដោយរក្សាចំនួនគ្រូបង្វឹកឱ្យនៅចំនួន៤នាក់ដដែល។ នេះជាចំណុចមួយគំរូល្អ ខ្ញុំរំភើបណាស់ ខ្ញុំជាប្រធានសហព័ន្ធ ប៉ុន្តែខ្ញុំគោរពកូនចៅទៅទៀត ដោយសារតែការផ្តល់តម្លៃជូនដល់ពួកគាត់ ដែលមានការលះបង់ដ៏អស្ចារ្យ។ ទោះជាត្រូវកាត់បន្ថយចំនួនគ្រូមែន ប៉ុន្តែយើងបានឯកភាពគ្នាកាត់បន្ថយរបបឧបត្ថម្ភ រៃគ្នាពង្រីកក្នុងចំនួន២នាក់ចែកដល់គ្រូចំនួន៤នាក់»។
ចំណែកឯកីឡាករ កីឡាការិនីក្រុមជម្រើសជាតិ ដែលកាត់បន្ថយពីចំនួន២៨នាក់ មកសល់ត្រឹម១៣នាក់នេះ គឺការប្រកួតជម្រុះនេះមិនមែនយកត្រឹមតែចំនួន១៣នាក់គត់នោះទេ ដោយអនុវត្តតាមរបៀបរបបដូចទម្រង់គ្រូបង្វឹកដែរ។ ដូច្នេះ កីឡាករ កីឡាការិនីជម្រើសជាតិ ដែលប្រកួតជម្រុះជាប់ក៏បានប្តេជ្ញាចិត្តដូចគ្នាដែរថានឹងរៃលុយគ្នាដើម្បីយកទៅជួយបំប៉ន សម្រាប់កីឡាករ កីឡាការិនី ក្រៅពីចំនួនគោល ១៣នាក់នេះ ដែលអាចមានចំនួនពី១៨នាក់ទៅ២០នាក់។
បន្ថែមពីលើនេះ ឯកឧត្តមប្រធាន កែវ រ៉េមី បានសង្កត់ធ្ងន់ថា សម្រាប់ការត្រៀមចូលរួមប្រកួតកីឡាតេក្វាន់ដូ ជើងឯកអាស៊ី នាខែសីហា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌា គឺសហព័ន្ធគ្រោងនឹងចំណាយថវិកាជាង ២ម៉ឺនដុល្លារ ដែលសម្រាប់សហព័ន្ធតេក្វាន់ដូ ITF គឺមានការលំបាក ដោយឯកឧត្តមប្តេជ្ញាថានឹងខិតខំស្វែងរកការឧបត្ថម្ភគាំទ្រដល់ការចំណាយនេះ ដើម្បីជំរុញឱ្យក្រុមជម្រើសជាតិកម្ពុជាបានបញ្ចេញសមត្ថភាព ក្នុងការប្រជែងមេដាយយកមកជូនជាតិមាតុភូមិ ពីព្រឹត្តិការណ៍ប្រកួតកម្រិតអាស៊ីមួយនេះ។
សូមបញ្ជាក់ដែរថា ប្រកួតជ្រើសរើស កីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា គឺធ្វើឡើងពេញមួយថ្ងៃ ដោយអត្តពលិកទាំងអស់ ត្រូវធ្វើតេស្តលើ៤ចំណុចសំខាន់ រួមមាន៖ វិញ្ញាសាប្រយុទ្ធ , វិញ្ញាសាសម្តែង , ការមើលទៅលើកំលាំង និង បច្ចេកទេសពិសេស។
សម្រាប់ការតេស្តនេះ គឺមានកីឡាករចំនួន២៥នាក់ និង កីឡាការិនី ១០នាក់ មកពី១០សមាគមក្លឹបចូលរួម ៖ ក្រសួងមហាផ្ទៃ , ពន្លឺយុវជនខេត្តកំពង់ស្ពឺ , ស.ស.យ.ក ខេត្តកំពង់ស្ពឺ , ខេត្តស្ទឹងត្រែង , ក្លឹបក្តីចាស់ , ក្លឹបយុវជន , អង្គររាជ , ក្លឹបសេរីភាព , ត្រពាំងសាលា និង ក្លឹប ហ៊ុនសែនប៊ុនរ៉ានីកោះដាច់ ៕